អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន (អាជ្ញាធរមីន) បានសម្តែងការសោកស្តាយចំពោះជនជាតិចិនម្នាក់ដែលបានរងរបួសក្នុងឧប្បត្តិហេតុផ្ទុះមីននៅតាមបណ្តោយ ព្រំដែនកម្ពុជា-ថៃ នាពេលថ្មីៗនេះ និងសូមជូនពរឲ្យជាសះស្បើយឆាប់រហ័ស។ ជាមួយគ្នានេះ អាជ្ញាធរមីនបានផ្តល់ការបំភ្លឺជាផ្លូវការទាក់ទងនឹងឧប្បត្តិហេតុនេះ។
១. ឧប្បត្តិហេតុផ្ទុះមីន និងទីតាំងកើតហេតុ
នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ជនជាតិចិនម្នាក់ឈ្មោះ Shi Jingui បានរងរបួសដោយសារឧប្បត្តិហេតុផ្ទុះមីន ខណៈពេលព្យាយាមឆ្លងកាត់ពីប្រទេសថៃចូលប្រទេសកម្ពុជា។
- ទីតាំងកើតហេតុ: ស្ថិតនៅក្នុងទឹកដីកម្ពុជា ភូមិសាស្ត្រភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
- មូលហេតុ: ឧប្បត្តិហេតុនេះបានកើតឡើងនៅក្នុង តំបន់ចម្ការមីន ដែលបន្សល់ទុកពីសង្គ្រាមអូសបន្លាយជាច្រើនទសវត្សរ៍កាលពីអតីតកាល។
២. ការបដិសេធចំពោះការចោទប្រកាន់ដែលគ្មានការពិត
កម្ពុជាបាន បដិសេធដាច់ខាត ចំពោះការចោទប្រកាន់របស់ យោធាថៃ ដែលបានធ្វើឡើងតាមរយៈសារព័ត៌មាននាពេលថ្មីៗនេះ។ អាជ្ញាធរមីនបានបញ្ជាក់ថា ការចោទប្រកាន់ទាំងនោះ៖
- គ្មានការពិត និងមាន និន្នាការនយោបាយ
- មិនស្របតាមស្តង់ដាររបាយការណ៍អន្តរជាតិ
- ផ្ទុយទាំងស្រុង ទៅនឹងកិត្តិនាម និងការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការសម្រេចបានតំបន់ព្រំដែនដែល គ្មានមីន។
៣. កម្ពុជាជាភាគីអនុសញ្ញាអូតាវ៉ា និងបញ្ហាការប្រើប្រាស់មីន
កម្ពុជាបានបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថា កម្ពុជា មិនប្រើប្រាស់មីនជាដាច់ខាត មិនថានៅពេលណា ឬក្នុងកាលៈទេសៈណាក៏ដោយ ហើយក្នុងនាមជា រដ្ឋភាគីអនុសញ្ញាអូតាវ៉ា កម្ពុជាមិននឹងប្រើប្រាស់មីនឡើយ។
អាជ្ញាធរមីនបានចោទសួរត្រឡប់វិញថា៖
«ប្រសិនបើមានមីនថ្មី ដូចដែលថៃបានអះអាងមែន យើងគួរសួរវិញថា៖ ដោយកម្ពុជាមិនមានប្រើប្រាស់មីន តើនរណាជាអ្នកដាក់មីន? កម្ពុជាមិនអាចឆ្លើយសំណួរនេះជំនួសប្រទេសថៃបានឡើយ»។
៤. តម្រូវការភស្តុតាងផ្លូវការ និងការអំពាវនាវឲ្យមានការស៊ើបអង្កេតរួមគ្នា
កម្ពុជា បដិសេធយ៉ាងដាច់ខាត ចំពោះការលើកឡើងណាមួយដែលថាកងកម្លាំងយោធាកម្ពុជាបានប្រើប្រាស់មីន។
- តម្រូវការភស្តុតាង: មកទល់ពេលបច្ចុប្បន្ន ទាំងកម្ពុជា អាស៊ាន និងយន្តការអន្តរជាតិ មិនទាន់ទទួលបាន លទ្ធផលស៊ើបអង្កេតជាផ្លូវការ ណាមួយឡើយ។ ប្រសិនបើថៃមានភស្តុតាងដែលមានការផ្ទៀងផ្ទាត់ត្រឹមត្រូវ គួរ ផ្តល់ជាផ្លូវការមកកាន់កម្ពុជា និងប្រកបដោយវិជ្ជាជីវៈ មិនមែនតាមរយៈសេចក្តីថ្លែងការណ៍សាធារណៈ ឬប្រព័ន្ធផ្សព្វផ្សាយសង្គមនោះទេ។
- ការអំពាវនាវ: កម្ពុជាបន្តអំពាវនាវឲ្យមាន ការស៊ើបអង្កេតរួមគ្នា ដោយឯករាជ្យ និងប្រកបដោយវិជ្ជាជីវៈ។ ការចោទប្រកាន់ជាសាធារណៈដោយមិនទាន់រកឃើញការពិត គឺជាការ បង្កើនភាពតានតឹង និងធ្វើឲ្យសហគមន៍អន្តរជាតិមានការភ័យច្រឡំ។

ជាថ្មីម្តងទៀត កម្ពុជាសម្តែងការសោកស្តាយចំពោះជនរងគ្រោះដោយសារមីន តែនឹងមិនទទួលយក ការចោទប្រកាន់មិនពិត ការក្លែងបន្លំស្ថានការណ៍ ដែលប៉ះពាល់ដល់កិត្តិនាម និងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការសម្រេចបាន អនាគតមួយដែលគ្មានមីន នោះទេ។
កម្ពុជានៅតែប្តេជ្ញាចិត្តគាំទ្រ កិច្ចសហប្រតិបត្តិការ ការស៊ើបអង្កេតផ្អែកលើភស្តុតាង និងការដោះស្រាយបញ្ហាតាមបណ្តោយព្រំដែន ដោយ សន្តិភាព និងផ្អែកលើច្បាប់អន្តរជាតិ៕




