លោក ហុង សុហួរ អគ្គនាយកនៃ ផ្សារមូលបត្រកម្ពុជា (CSX) បានបង្ហាញនូវភាពជឿជាក់ខ្ពស់ចំពោះកំណើនវិស័យមូលបត្រកម្ពុជា ក្នុងពិព័រណ៍ផ្សារភាគហ៊ុនកម្ពុជា «My First STOCK» ប្រចាំឆ្នាំ២០២៥ នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកានេះ។
១. កំណើនគណនីជួញដូរ និងការរំពឹងទុកនៅដំណាច់ឆ្នាំ២០២៥
គិតត្រឹមដំណាច់ខែតុលា ឆ្នាំ២០២៥ គណនីជួញដូរមូលបត្រនៅកម្ពុជាបានកើនឡើងដល់ជាង ៦៨ ០០០ គណនី។ លោក ហុង សុហួរ បានរំពឹងទុកថា ចំនួននេះនឹងកើនដល់ ៧០ ០០០ គណនីជួញដូរ នៅត្រឹមដំណាច់ឆ្នាំ២០២៥។
លោកបានថ្លែងថា៖
«ដ្បិតចំនួនគណនីជួញដូរនេះ មិនដូចការរំពឹងទុកក្តី ប៉ុន្តែវាក៏កើនបានឡើងជាង ១០ ០០០ គណនី ដែរ បើធៀបនឹងឆ្នាំ២០២៤។»
២. ទិន្នន័យក្រុមហ៊ុនចុះបញ្ជី និងទុនកៀរគរ
បើតាមលោក ហុង សុហួរ បច្ចុប្បន្ន កម្ពុជាមានក្រុមហ៊ុនសរុបចំនួន ២៥ ក្រុមហ៊ុន បានចុះបញ្ជីក្នុងផ្សារមូលបត្រ ដែលបានកៀរគរទុនពីទីផ្សារបានប្រមាណ ៦៥០ លានដុល្លារអាម៉េរិក។
ក្នុងចំណោមក្រុមហ៊ុនទាំង ២៥៖
- ១១ ក្រុមហ៊ុន ជាក្រុមហ៊ុនចុះបញ្ជីលក់ភាគហ៊ុន
- ១៤ ក្រុមហ៊ុន ទៀត ជាក្រុមហ៊ុនចុះបញ្ជីលក់សញ្ញាបត្រ។
គួរកត់សម្គាល់ថា ក្រុមហ៊ុន Picassso City Garden នឹងចុះបញ្ជីនៅទីផ្សារមូលបត្រកម្ពុជា ជាភាគហ៊ុន នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ ខាងមុខនេះ។
៣. សុទិដ្ឋិនិយមចំពោះកំណើនចាប់ពីឆ្នាំ២០២៦
លោក ហុង សុហួរ បានបង្ហាញនូវ សុទិដ្ឋិនិយមខ្ពស់ ចំពោះទីផ្សារមូលបត្រកម្ពុជា ដែលនឹងបន្តមាន កំណើនកាន់តែល្អប្រសើរ ចាប់ពីឆ្នាំ២០២៦ តទៅ។
លោកបានអះអាងថា៖ «ខ្ញុំហ៊ានអះអាងបែបនេះ ព្រោះតែយើងឃើញចំនួន វិនិយោគិនមានការកើនឡើងជាប្រចាំ។ យើងឃើញថាក្រុមហ៊ុនចុះបញ្ជី ទោះក្នុងរយៈកាលចុងក្រោយនេះ កម្ពុជាជួបបញ្ហាជាច្រើន [ដូចជា បញ្ហាព្រំដែន, បទល្មើសឆបោកតាមប្រព័ន្ធអនឡាញ…] ក៏នៅតែដំណើរការដោយរលូន និងជោគជ័យ»។
វត្តមានក្រុមហ៊ុនថ្មីដែលនឹងចុះបញ្ជីនៅជាង១០ថ្ងៃទៀត គឺជា សក្ខីភាព បង្ហាញថា វិស័យមូលបត្រកម្ពុជានៅតែបន្តដំណើរវិវត្តទៅមុខរហូតឈានដល់ គោលដៅរបស់រដ្ឋាភិបាល។
៤. ពិព័រណ៍ «My First STOCK» និងយុទ្ធសាស្ត្រអភិវឌ្ឍន៍
ពិព័រណ៍ផ្សារភាគហ៊ុនកម្ពុជា «My First STOCK» នេះត្រូវបានរៀបចំឡើងជា ឆ្នាំទី ៨ ហើយ នៅផ្សារទំនើបអ៊ីអន ១ ពីថ្ងៃទី២៨-៣០ ខែវិច្ឆិកា។ ព្រឹត្តិការណ៍នេះបង្ហាញពីភាពរីកចម្រើនជាបន្តបន្ទាប់របស់ទីផ្សារមូលបត្រកម្ពុជា បើទោះបីបានឆ្លងកាត់វិបត្តិជំងឺកូវីដ-១៩ ក៏ដោយ។
ទន្ទឹមនឹងនេះ យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យមូលបត្រ ២០២៥-២០៣៥ ត្រូវបានប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការក្រោមវត្តមាន លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាថ្ងៃទី៧ ខែតុលា។ យុទ្ធសាស្ត្រនេះមានគោលដៅគាំទ្រដល់ការ រីកលូកលាស់របស់វិស័យមូលបត្រ ដែលជាកម្លាំងចលករនៃសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព៕

